ក្រុមហ៊ុន Meta កំពុងតែបង្កើនការយកចិត្តទុកដាក់ទ្វេដងលើសេវាកម្ម Subscription របស់ខ្លួន។ យោងតាមសារព័ត៌មាន TechCrunch នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានប្រាប់ឲ្យដឹងថាក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះបានប្រកាសថា ខ្លួនកំពុងដាក់ឱ្យដំណើរការគម្រោងជាវប្រចាំ (Subscription) សម្រាប់អ្នកប្រើប្រាស់ទូទៅនៅទូទាំងពិភពលោកហើយ នៅលើកម្មវិធី Instagram, Facebook និង WhatsApp ព្រមទាំងចាប់ផ្ដើមធ្វើការសាកល្បងគម្រោងជាវថ្មីៗ សម្រាប់អាជីវកម្ម, អ្នកបង្កើតមាតិកា (Creators) និងអ្នកប្រើប្រាស់ Meta AI ផងដែរ។

ដោយចំណាយត្រឹមតែពីរបីដុល្លារក្នុងមួយខែ អ្នកប្រើប្រាស់ទូទៅដែលជាវគម្រោង Instagram Plus ($3.99/ខែ), Facebook Plus ($3.99/ខែ) ឬ WhatsApp Plus ($2.99/ខែ) នឹងទទួលបានមុខងារពិសេសៗបន្ថែម ដូចជា៖
- ដឹងរឿងរ៉ាវលើ Story កាន់តែស៊ីជម្រៅ (សម្រាប់ IG/FB)៖ គណនីធម្មតាអាចមើលឃើញតែ "អ្នកណាខ្លះមើល Story" ប៉ុន្តែគណនី Plus អាចដឹងដល់ថ្នាក់ "ចំនួនដងដែលគេលួចចូលមើលឡើងវិញ (Rewatched)" និងអាចស្វែងរក (Search) ឈ្មោះអ្នកមើលក្នុងបញ្ជីបានភ្លាមៗ។
- មុខងារលបមើលស្ងាត់ៗ (Ghost Preview)៖ អ្នកអាចចុចចូលមើល ឬ Preview មើល Story របស់អ្នកដទៃបានដោយសេរី ដោយប្រព័ន្ធមិនបង្ហាញឈ្មោះរបស់អ្នកនៅក្នុងបញ្ជីអ្នកមើល របស់គេឡើយ។
- អ្នកអាចផុសរូបភាព ឬវីដេអូទៅក្នុង Profile ឬ Highlight របស់អ្នកភ្លាមៗ ដោយមិនឱ្យវាលោតទៅលើទំព័រ Feed របស់អ្នកដទៃឡើយ គឺសម្រាប់តែអ្នកដែលចូលមកមើល Profile របស់អ្នកផ្ទាល់ទើបឃើញ។
- Story របស់អ្នកនឹងមិនលុបបាត់ទៅវិញក្នុងរយៈពេល ២៤ ម៉ោងដូចមុនឡើយ គឺអាចកំណត់ឱ្យនៅបានយូរជាងនេះ។
- អាចដូររូប Icon របស់កម្មវិធីនៅលើអេក្រង់ទូរស័ព្ទ, ដូរពណ៌ផ្ទៃកម្មវិធី សម្រាប់ WhatsApp, និងដូរម៉ូតអក្សរ ស្អាតៗនៅលើ Bio របស់អ្នកឱ្យប្លែកពីគេ។
- ទទួលបានសិទ្ធិពិសេសក្នុងការរុញ Spotlight ឱ្យ Story របស់អ្នកមានអ្នកមើលកាន់តែច្រើន ក្នុង ១ សប្ដាហ៍ម្ដង។

នេះគឺជារបបកែប្រែបទពិសោធន៍ថ្មីដែលធ្វើឱ្យអ្នកប្រើប្រាស់មានអំណាចក្នុងការគ្រប់គ្រង និងដឹងព័ត៌មានលម្អិតជាងគណនីធម្មតា ដោយគ្រាន់តែតម្រូវឱ្យបង់លុយប្រចាំខែ ប្រហែល $3 ទៅ $4 ក្នុងមួយខែប៉ុណ្ណោះ។ គូសបញ្ជាក់ផងដែរថា មុខងារមួយនេះបើកឱ្យប្រើប្រាស់សាកល្បងនៅប្រទេសមួយចំនួនសិន ដូចជាសហរដ្ឋអាមេរិក ឬអឺរ៉ុបមុននឹងពង្រីកមកដល់ប្រទេសដទៃទៀត រួមទាំងកម្ពុជាផងដែរ។ កុំភ្លេចចូលទៅអាប់ដេត App ទៅជាជំនាន់ចុងក្រោយបង្អស់ដើម្បីទទួលបានមុខងារមួយនេះប្រើប្រាស់ និងមុខងារថ្មីៗពី Meta បន្តបន្ទាប់ទៀត។
