ទៅប្រកួតបានលុយ! នេះជាចំនួនទឹកប្រាក់ពីក្រសួងប្រៃសណីយ៍ សម្រាប់យុវជនដាក់ពាក្យប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសាយប័រ
Khunna - ឃុនណា
APRIL 19 2025
ឱកាស
152 views
3 mins read

សេចក្តីជូនដំណឹង ស្តីពី កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ (Cambodia National Cybersecurity Competition 2025)

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននិងសិស្សនិស្សិតឱ្យបានជ្រាបថា ដើម្បីចូលរួមជំរុញការយល់ដឹង ការពង្រឹងសមត្ថភាពនិងចំណេះដឹង ការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជានិងក្នុងតំបន់ ក.ប.ទ នឹងរៀបចំ “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥-Cambodia National Cybersecurity Competition 2025” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ 

491777693 1058141749699264 4654720223784410224 N

គោលបំណងនៃការរៀបចំកម្មវិធីនេះ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។

១.ទិដ្ឋភាពទូទៅនៃកម្មវិធី
កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ ជាកម្មវិធីប្រកួតប្រជែងលក្ខណៈបុគ្គលដោយតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប័រ (Cybersecurity Challenges) ទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វ៉ី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច័្ចយ (Forensics) ឬការវាយប្រហារលើកម្មវិធីប្រព័ន្ធ Binary(Binary Exploitation) ជាដើម ដោយស្វែងរកបំណែកនៃព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ។
២.លក្ខខណ្ឌនៃការជ្រើសរើស
- ត្រូវមានអាយុក្រោម ២៥ ឆ្នាំ (ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ)
- ចូលរួមប្រកួតជាលក្ខណៈបុគ្គល
- ត្រូវបំពេញព័ត៌មាន និងទម្រង់បែបបទចូលរួមប្រកួតឱ្យបានត្រឹមត្រូវ និងពេញលេញ
- ត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។

៣.អត្ថប្រយោជន៍នៃការប្រកួតប្រជែង
វគ្គទី១៖ ក.ប.ទ. នឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោមបេក្ខភាពទាំង ១០០រូប ដែលបានចូលរួមក្នុងការប្រកួត ដើម្បីទទួលបានមេដាយ និងរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
- ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល
- ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល
- ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០០,០០០ រៀល
- ជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។

491939915 1058141773032595 3442608749977662645 N

វគ្គទី២៖ ក.ប.ទ. នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។
វគ្គទី៣៖ បេក្ខជន បេក្ខនារីឆ្នើមចំនួន ៤រូប ក្នុងចំណោមបេក្ខភាពទាំង ២០រូបខាងលើ នឹងត្រូវជ្រើសរើសដោយការប្រឡងតេស្តសមត្ថភាព ដើម្បីក្លាយជាតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ។
៤.កាលបរិច្ឆេទ និងនីតិវិធីនៃការជ្រើសរើស
- បេក្ខជន បេក្ខនារីទាំងអស់ត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងតាមរយៈតំណភ្ជាប់ go.gov.kh/mptc/cncc2025QR Code ខាងក្រោមចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២៣:៥៩ នាទី
- បេក្ខជន បេក្ខនារីទាំងអស់នឹងត្រូវឆ្លងកាត់ការជម្រុះតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ព័ត៌មាននៃការជម្រុះនឹងត្រូវជូនដំណឹងតាមរយៈអ៊ីម៉ែល
- បេក្ខជន បេក្ខនារីចំនួន១០០រូប ដែលបានជាប់ដំណាក់កាលជម្រុះ នឹងត្រូវបានទាក់ទងដើម្បីចូលរួម កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

491737041 1058141823032590 5188390128519750 N

សេចក្ដីដូចបានជម្រាបជូនខាងលើ សូម សាធារណជន និងសិស្សនិស្សិត ជ្រាបជាព័ត៌មាន និងចូលរួមដាក់ពាក្យចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ។
សម្រាប់ព័ត៌មានបន្ថែម៖ 015 520 707/ 099 496 767

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia