ក្តៅៗ! OpenAI ប្រកាសចេញ GPT ជំនាន់ថ្មី សូម្បីតែប្រទេសមហាអំណាចក៏ខ្លាចប្រព័ន្ធនេះដែរ
Khunna - ឃុនណា
JULY 10 2026
ឌីជីថល
235 views
2 mins read

ក្រុមហ៊ុន OpenAI ទើបតែបានប្រកាសដាក់ឱ្យដំណើរការនូវស្រឡាយម៉ូឌែល AI ជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន គឺ GPT-5.6 ដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីពង្រីកសមត្ថភាពកាន់តែខ្លាំងសម្រាប់ការងារអាជីវកម្ម ការសរសេរកូដ និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ម៉ូឌែល GPT-5.6 នេះមានបីជម្រើសសម្រាប់តម្រូវការផ្សេងៗគ្នា រួមមាន Sol (ម៉ូឌែលចម្បងដែលមានសមត្ថភាពខ្ពស់បំផុត) Terra (ម៉ូឌែលកម្រិតមធ្យម) និង Luna (ម៉ូឌែលដែលមានតម្លៃធូរថ្លៃបំផុត)។

 Images (14)

លោក Sam Altman ដែលជាស៊ី CEO របស់ក្រុមហ៊ុន បានអះអាងថា ម៉ូឌែលថ្មីទាំងនេះមានប្រសិទ្ធភាពខ្ពស់ និងចំណាយថ្លៃដើមតិចជាងមុនឆ្ងាយ បើធៀបនឹងកំណែមុនៗ។

ចំណុចលេចធ្លោបំផុតរបស់ GPT-5.6 គឺវាជាម៉ូឌែលដ៏ខ្លាំងក្លាមិនធ្លាប់មានផ្នែកសន្តិសុខសាយប័រ (Cybersecurity) ទោះបីជាកន្លងមកធ្លាប់មានការព្រួយបារម្ភ និងការប៉ុនប៉ងរឹតបន្តឹងពីសំណាក់រដ្ឋាភិបាលអាមេរិក ដោយសារខ្លាចមានការយកទៅប្រើប្រាស់ក្នុងផ្លូវខុសក៏ដោយ។ ម៉ូឌែលនេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់ការងារការពារប្រព័ន្ធបច្ចេកវិទ្យា ដូចជាការវិភាគរកហានិភ័យ ការពិនិត្យ និងកែសម្រួលកូដដែលមានចន្លោះប្រហោង និងការធ្វើតេស្តសាកល្បងវាយប្រហារលើប្រព័ន្ធខ្លួនឯង ដើម្បីស្វែងរកចំណុចខ្សោយមុនពេលពួក Hacker ពិតប្រាកដរកឃើញ។

ទន្ទឹមនឹងការចេញម៉ូឌែលថ្មីនេះ OpenAI ក៏បានណែនាំឧបករណ៍ជំនួយការងារថ្មីមួយឈ្មោះថា "ChatGPT Work" ដែលដើរតួជាដៃគូការងារដ៏ឆ្លាតវៃសម្រាប់ក្រុមការងារក្នុងក្រុមហ៊ុន និងសហគ្រាស។ ឧបករណ៍នេះអាចដំណើរការបានទាំងលើកុំព្យូទ័រ វេបសាយ និងទូរស័ព្ទដៃ ដោយវាមានសមត្ថភាពជួយសម្រួលដល់កិច្ចការរដ្ឋបាលប្រចាំថ្ងៃយ៉ាងរហ័សទាន់ចិត្ត ដូចជាការតាក់តែងឯកសារ ការរៀបចំទិន្នន័យលើផ្ទាំង Spreadsheet និងការបង្កើតស្លាយសម្រាប់បទបង្ហាញផ្សេងៗ។

Open AI Launches GPT 5.6 With Sol Terra and Luna Models

ការប្រកាសចេញ GPT-5.6 នេះ ហាក់បីដូចជាការចាក់ចំគោលដៅវាយបកទៅលើក្រុមហ៊ុនគូប្រជែងដ៏ធំគឺ Anthropic ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជនផ្នែកសហគ្រាស។ បើផ្អែកលើទិន្នន័យវាយតម្លៃសមត្ថភាពសរសេរកូដ ក្រុមហ៊ុន OpenAI បានអះអាងថា ម៉ូឌែល Sol របស់ខ្លួនបានបង្កើតកំណត់ត្រាឈានមុខគេថ្មីមួយ ដោយវាមានសមត្ថភាពខ្ពស់ជាងម៉ូឌែល Fable 5 របស់ Anthropic ប៉ុន្តែប្រើប្រាស់ទិន្នន័យ និងចំណាយពេលត្រឹមតែពាក់កណ្តាល ហើយថែមទាំងមានតម្លៃធូរថ្លៃជាងមុនដល់ទៅមួយភាគបីឯណោះ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia