អបអរ! កម្ពុជានឹងមានរោងចក្រតម្លើងរថយន្ត GAC ខណៈក្នុងមួយឆ្នាំអាចតម្លើងបាន ១៥០០០គ្រឿង និងផ្តល់ការងារ ៤០០-៦០០ កន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរ
Khunna - ឃុនណា
SEPTEMBER 20 2025
PR
3 mins read

កាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ២០២៥ - ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd., ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន TH Group, បាន​ប្រកាស​ពី​សមិទ្ធផល​ដ៏​សំខាន់​នៅ​ក្នុង​អគារ​តាំង​បង្ហាញ​រថយន្ត GAC Cambodia​(GAC Showroom) ដោយក្រុមហ៊ុន​​ទទួល​បានផ្លូវការ​នូវ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​រោងចក្រ​ដំឡើង​យានយន្ត​នៅ​កម្ពុជា និង​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) ផ្តាច់​មុខ​ជាមួយ​ក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើង​រថយន្ត GAC នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

Photo 4 2025 09 20 15 55 11

នៅក្នុងព្រឹត្តិការណ៍​ដ៏​អស្ចារ្យមួយនេះ​ មានការ​ចូលរួមជាកត្តិយសពីសំណាក់​ គណអធិបតីរួម​មាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា និង​លោក Yu Jun (យូ ជុន) អនុប្រធាន​ក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. រួម​ជាមួយ​នឹងវត្តមាន​លោក ណម តុង អគ្គនាយកនៃ​ក្រុមហ៊ុន TH Group និង​វត្តមានលោក ណម ហាវ នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន TH Group តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា វត្តមានអ្នកស្រី Zhong Jie ព្រម​ទាំង​សិល្បករ អ្នក​បង្កើតមាតិការ និង សារព័ត៌មានជាតិ និង អន្តរជាតិជាច្រើនផងដែរ។

Photo 1 2025 09 20 15 55 11

នៅក្នុងសេក្តីថ្លែងសន្ទរកថាក្នុងកម្មវិធីចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) មួយនេះគឺជាភាពជោគជ័យនៃការបណ្តាក់ទុនរួមគ្នារវាង TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. គឺជាសក្ខីភាពនៃចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ TH Group ដែលប្តេជ្ញារួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។ ការខិតខំប្រឹងប្រែងនេះគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ក៏ដូចជាចក្ខុវិស័យជាតិសម្រាប់កម្ពុជាឆ្នាំ ២០៣០ និង ២០៥០។

Photo 3 2025 09 20 15 55 11

នៅក្នុងគម្រោងវិនិយោគនេះផងដែរគឺមានទំហំទឹកប្រាក់ប្រមាណ ១៩ លានដុល្លារ ដោយរោងចក្រនេះនឹងត្រូវសាងសង់លើផ្ទៃដី ១១ ហិកតា នៅក្នុងខេត្តកំពង់ឆ្នាំង។ រោងចក្រនេះត្រូវបានរំពឹងថានឹងបង្កើតការងារ ចន្លោះពី ៤០០ ទៅ ៦០០ កន្លែង និងមានសមត្ថភាពផលិតរថយន្ត GAC ប្រចាំឆ្នាំពី ១០,០០០ ទៅ ១៥,០០០ គ្រឿង

Photo 2 2025 09 20 15 55 11

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសាទរចំពោះកិច្ចសហប្រតិបត្តិការនេះ។ ឯកឧត្តមបានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់ក្រុមហ៊ុននានាឱ្យបណ្តាក់ទុនដំឡើងរថយន្តថ្មីនៅកម្ពុជា។ គោលបំណងសំខាន់នោះ គឺដើម្បីផ្តល់ជម្រើសសម្បូរបែបដល់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់រថយន្តថ្មី កាត់បន្ថយការពឹងផ្អែកលើរថយន្តជជុះ។

Photo 5 2025 09 20 15 55 11

ចាប់តាំងពីឆ្នាំ ២០២០ មក GAC Cambodia ដែលជាក្រុមហ៊ុនក្រោមការគ្រប់គ្រងរបស់ TH Group បានក្លាយជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ GAC នៅក្នុងប្រទេសកម្ពុជា។ នេះត្រឹមតែរយៈពេលជាង ៥ ឆ្នាំ ប៉ុណ្ណោះ ម៉ាកយីហោរថយន្ត GAC បានរីកចម្រើនយ៉ាងឆាប់រហ័សដែលនឹកស្មានមិនដល់។ គិតមកដល់ឆ្នាំ ២០២៥ នេះ GAC បានក្លាយជាម៉ាករថយន្តចិនមួយដែលឈានមុខគេមួយនៅក្នុងទីផ្សារកម្ពុជា និអន្តរជាតិផងដែរ។

Photo 8 2025 09 20 15 55 11

ជារួមមកវិញក្រុមហ៊ុនទាំងពីរដែលជាដៃគូសហការគ្នាក្នុងគម្រោងរោងចក្រដំឡើងរថយន្តនៅកម្ពុជានេះ គឺ៖

១. ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd.

ក្រុមហ៊ុននេះ​ គឺជាបុត្រសម្ព័ន្ធរបស់ TH Group ដែលជាក្រុមហ៊ុនពហុធុរកិច្ចឈានមុខគេមួយនៅកម្ពុជា។ គោលដៅចម្បងរបស់ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. គឺដើម្បីជំរុញឧស្សាហកម្មរថយន្តនៅកម្ពុជា តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងការផលិតក្នុងស្រុក។

Photo 7 2025 09 20 15 55 11

២. ក្រុមហ៊ុន GAC International Co., Ltd.

ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធអន្តរជាតិរបស់ក្រុមហ៊ុនមេ Guangzhou Automobile Group Co., Ltd. ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។ ក្រុមហ៊ុន GAC International Co., Ltd. មានចក្ខុវិស័យពង្រីកវត្តមានរបស់ខ្លួន និងបង្កើនសមត្ថភាពផលិតរថយន្តនៅតាមទីផ្សារអន្តរជាតិនានា។

Photo 2025 09 20 16 19 36

គូសបញ្ជាក់ផងដែរថា ការ​បង្កើត​រោងចក្រ​ដំឡើង​រថយន្ត GAC បើក​ទំព័រ​ថ្មី​មួយ​សម្រាប់​ឧស្សាហកម្ម​រថយន្ត​របស់​កម្ពុជា និង​ក្រុម​ហ៊ុន TH Group ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ និង​គួរ​ឱ្យ​ទុក​ចិត្ត​សម្រាប់ប្រទេសចិន និង ក្រុមហ៊ុន GAC ដែល​ធ្វើ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ម៉ាក​យីហោ​នេះ​កាន់តែ​រឹងមាំ​សម្រាប់​ពេល​អនាគត។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia