នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់សា្ថនទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានប្រាប់ឲ្យដឹងថា ដើម្បីធ្វើឱ្យអាមេរិកមានសុវត្ថិភាព រឹងមាំ និងរុងរឿង ប្រធានាធិបតី ត្រាំ កំពុងធានាថាសហរដ្ឋអាមេរិកត្រូវបានអនុវត្តតាមគោលការន៍។ ប្រសិនបើមានអ្នកព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ កុហកដើម្បីទទួលបានទិដ្ឋាការ ធ្វើការដោយគ្មានការអនុញ្ញាតស្របច្បាប់ ឬស្នាក់នៅហួសពេលកំណត់នៅក្នុងសហរដ្ឋអាមេរិក ទណ្ឌកម្មគឺធ្ងន់ធ្ងរណាស់។ នេះរួមបញ្ចូលទាំងការជាប់ពន្ធនាគារ ការបណ្តេញចេញ និងការហាមឃាត់ជាអចិន្ត្រៃយ៍ក្នុងការទទួលបានទិដ្ឋាការសហរដ្ឋអាមេរិកនាពេលអនាគត។
ស្ថានទូតអាមេរិកនៅភ្នំពេញបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាក្រុមជនជាតិខ្មែរដែលស្នាក់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ត្រូវបានបញ្ជូនត្រឡប់ទៅកម្ពុជាវិញឱ្យបានឆាប់បំផុត។ យើងសូមកោតសរសើរចំពោះសកម្មភាពរហ័ស និងមានប្រសិទ្ធភាពរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ និងដៃគូរផ្សេងទៀតដែលចូលរួមសហការដើម្បីបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ការក្លែងបន្លំទាក់ទងនឹងទិដ្ឋាការចូលសហរដ្ឋអាមេរិក មានផលវិបាកធ្ងន់ធ្ងរ
ដំណើរការនៃការស្នើសុំទិដ្ឋាការសហរដ្ឋអាមេរិក គឺជាដំណើរការដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួននៅតែព្យាយាមបោកប្រាស់ប្រព័ន្ធដោយប្រើប្រាស់ឯកសារក្លែងក្លាយ កុហកលើពាក្យសុំ ឬស្នាក់នៅហួសពេលកំណត់។ ទាំងនេះគឺជាឧទាហរណ៍នៃការក្លែងបន្លំទិដ្ឋាការ និងការប្រើប្រាស់ទិដ្ឋាការខុសច្បាប់ ហើយវាគឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ ប្រសិនបើអ្នកបំពានច្បាប់តាមរបៀបនេះ អ្នកនឹងត្រូវផ្តន្ទាទោស ហើយអ្នកប្រហែលជាមិនត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិកម្តងទៀតឡើយ។
ប្រសិនបើអ្នកជាពលរដ្ឋខ្មែរដែលមានគម្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិក សូមចងចាំថាវាជាទំនួលខុសត្រូវរបស់អ្នកក្នុងការគោរពតាមលក្ខខណ្ឌនៃទិដ្ឋាការរបស់អ្នក។ វាជាទង្វើខុសច្បាប់ក្នុងការធ្វើការនៅសហរដ្ឋអាមេរិកដោយគ្មានទិដ្ឋាការ និងការអនុញ្ញាតការងារត្រឹមត្រូវ។ ប្រសិនបើអ្នកធ្វើការដោយខុសច្បាប់ អ្នកនឹងត្រូវបណ្តេញចេញពីប្រទេសភ្លាមៗ។
ប្រធានាធិបតី ត្រាំ កំពុងដាក់ទោសអ្នកដែលប្រព្រឹត្តខុសទាំងអស់ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏កំពុងចាត់វិធានការប្រឆាំងនឹងអ្នកដែលជួយអ្នកដទៃចូលប្រទេសដោយខុសច្បាប់ផងដែរ។ នេះរួមបញ្ចូលទាំងឈ្មួញកណ្តាល អ្នកជួញដូរមនុស្ស និងមន្ត្រីរដ្ឋាភិបាលបរទេសដែលអនុញ្ញាតឱ្យមានការធ្វើអន្តោប្រវេសន៍ខុសច្បាប់ដែលបន្តកើតមាន។
ហានិភ័យនៃការព្យាយាមធើ្វអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកដោយខុសច្បាប់ មានទម្ងន់ធ្ងន់ជាងអត្ថប្រយោជន៍ដែលអាចទទួលបានឆ្ងាយណាស់។ អ្នកអាចក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋជន ឬចុងក្រោយអ្វីដែលអ្នកទទួលបានគឺ មានកំណត់ត្រានៃការប្រព្រឹត្តខុសច្បាប់ ដែលអាចបំផ្លាញអនាគតរបស់អ្នក និងអនាគតគ្រួសាររបស់អ្នក។ ការចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ មិនត្រឹមតែបំពានច្បាប់សហរដ្ឋអាមេរិកនោះទេ វាក៏ធើ្វឱ្យសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកស្ថិតក្នុងភាពគ្រោះថ្នាក់ផងដែរ។ ការពិន័យគឺពិតជាធ្ងន់ធ្ងរ ៖ ការចាប់ឃុំខ្លួន ការបំបែកពីគ្រួសារ និងការហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលសហរដ្ឋអាមេរិកតទៅទៀត។
ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលស្នាក់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើសម្រាប់ពួកគេគឺលើកទឹកចិត្តឱ្យពួកគេចាកចេញសហរដ្ឋអាមេរិកឥឡូវនេះ មុនពេលពួកគេត្រូវបានគេចាប់ខ្លួន។ ចំពោះបុគ្គលគ្រប់រូប សារដែលយើងចង់ផ្តល់ជូនគឺសាមញ្ញទេ៖ ធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ អនុវត្តតាមច្បាប់ និងកុំយកសុវត្ថិភាពរបស់អ្នក គ្រួសារអ្នក ឬអនាគតរបស់អ្នកទៅប្រថុយឱ្យសោះ ៕