នៅក្នុងពិភពបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងរហ័ស ផលិតផលឌីជីថលដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរក៏កំពុងតែបង្ហាញវត្តមាន និងសមត្ថភាពរបស់ខ្លួនទៅកាន់អន្តជាតិជាបន្តបន្ទាប់ផងដែរ ។ ក្នុងសប្តាហ៍នេះ ក្រុមការងារ ចាបខៀវ Technology Cambodia មានកិត្តិយសពិភាក្សាយ៉ាងស៊ីជម្រៅជាមួយ លោក ជឹម ធា (Thea Choem) ដែលជា Senior Software Developer បច្ចុប្បន្ននៅក្រុមហ៊ុន BookMeBus និងជាអ្នកអភិវឌ្ឍន៍ឯករាជ្យ ឬស្ថាបនិកនៃកម្មវិធីកំណត់ហេតុដ៏ល្បីល្បាញគឺ StoryPad ។

លោក ជឹម ធា មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល និងជាអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៅក្នុងឆ្នាំ ២០២៣ ។
នៅពេលចាប់ផ្តើមនិយាយអំពីសមិទ្ធផលចម្បង លោក ជឹម ធា បានរំឮកថា គម្រោង StoryPad នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០២១ មកម៉្លេះ ។ រហូតមកដល់ពេលនេះ កម្មវិធីទូរស័ព្ទដៃមួយនេះសម្រេចបាននូវជោគជ័យយ៉ាងល្អឥតខ្ចោះ ដោយទទួលបានការទាញយកពីអ្នកប្រើប្រាស់ជាង ១០០,០០០ ដង និងមានការវាយតម្លៃខ្ពស់រហូតដល់ ៤.៥ ផ្កាយនៅលើ Google Play Store ។ អ្វីដែលធ្វើឱ្យលោកមានមោទនភាពបំផុតនោះគឺ StoryPad ត្រូវបានជ្រើសរើសទៅចុះផ្សាយ និងវាយតម្លៃជាវិជ្ជមានពីសំណាក់គេហទំព័រព័ត៌មានបច្ចេកវិទ្យាអន្តរជាតិល្បីៗ រួមមាន It's FOSS និង MakeUseOf ។ លោកបានសង្កត់ធ្ងន់ថា ការដែលកម្មវិធីបង្កើតឡើងដោយកូនខ្មែរទទួលបានការកត់សម្គាល់ពីអ្នកជំនាញបរទេសបែបនេះ គឺជាសក្ខីភាពមួយបង្ហាញថាផលិតផលបច្ចេកវិទ្យារបស់យើងមានគុណភាព និងស្តង់ដារអាចប្រកួតប្រជែងលើឆាកអន្តរជាតិបានយ៉ាងពិតប្រាកដ ។

នៅពេលសួរដេញដោលអំពីចំណុចចាប់ផ្តើម លោក ជឹម ធា បានបញ្ជាក់យ៉ាងច្បាស់ថា StoryPad មិនមែនជាវេបសាយនោះទេ ប៉ុន្តែវាជាកម្មវិធីទូរស័ព្ទ (Mobile App) ។ ចំពោះកម្លាំងចលករដំបូងបំផុតដែលជម្រុញឱ្យលោកបង្កើតវាឡើង គឺក្នុងគោលបំណងដើម្បីរៀនពីរបៀបធ្វើកម្មវិធី នៅពេលដែលលោកចាប់ផ្តើមសិក្សាបច្ចេកវិទ្យា Flutter ដំបូងកាលពី ៥ ឆ្នាំមុន ។ កត្តាសំខាន់ដែលធ្វើឱ្យកម្មវិធីនេះទទួលបានការគាំទ្រ គឺដោយសារលោកបានកំណត់គោលការណ៍ច្បាស់លាស់ថា App នេះត្រូវតែគ្មានផ្ទាំងពាណិជ្ជកម្មរំខានទាំងស្រុង និងមានរចនាបថសាមញ្ញបំផុត ដើម្បីឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ស្ងប់ស្ងាត់ពេលសរសេរ ។ គួបផ្សំគ្នានោះ លោកក៏បានសាកល្បងរត់ពាណិជ្ជកម្មតាម Google Ads រយៈពេលប្រហែល ៣ ខែក្នុងន័យរៀនសូត្រពីទីផ្សារ ដែលវាជាកម្លាំងរុញច្រានជួយឱ្យ StoryPad ទាក់ទាញអ្នកប្រើប្រាស់បានយ៉ាងលឿននៅដំណាក់កាលដំបូង ។
លោកបានបន្តរៀបរាប់ពីបញ្ហាដែលលោកបានមើលឃើញនៅលើទីផ្សារថា កម្មវិធីកំណត់ហេតុភាគច្រើនតែងតែព្យាយាមដាក់បញ្ចូលមុខងារស្មុគស្មាញច្រើនពេក ដែលផ្ទុយពីតម្រូវការរបស់អ្នកសរសេរដែលចង់បានតែ "ភាពសាមញ្ញ" ប៉ុណ្ណោះ ។ លោកធ្លាប់បានបង្កើត App ឈ្មោះ Spooky ដែលមានមុខងារទំនើបៗជាច្រើនដែរ ប៉ុន្តែចុងក្រោយអ្នកប្រើប្រាស់បែរជាមិនសូវចាប់អារម្មណ៍ ។ បញ្ហាមួយទៀតគឺការរចនាដែលធ្វើឱ្យធុញថប់ភ្នែក និងកង្វល់រឿងឯកជនភាព ។ កម្មវិធីភាគច្រើនផ្ទុកទិន្នន័យលើ Server របស់ក្រុមហ៊ុន តែសម្រាប់ StoryPad លោកបានអភិវឌ្ឍឡើងដោយគ្មានម៉ាស៊ីនមេសម្រាប់ប្រមូលទិន្នន័យឡើយ ពោលគឺរក្សាទុកក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ផ្ទាល់ (Local-first) និងប្រើប្រាស់ Google Drive ផ្ទាល់ខ្លួនសម្រាប់ធ្វើ Backup ។ ការធ្វើបែបនេះធ្វើឱ្យអ្នកប្រើប្រាស់ក្លាយជាម្ចាស់ និងជាអ្នកគ្រប់គ្រងទិន្នន័យរបស់ខ្លួនឯង ១០០% ទាំងការការពារឯកជនភាព ល្បឿនលឿន និងអាចប្រើប្រាស់ Offline បានថែមទៀត ។ លើសពីនេះ StoryPad ក៏ជាកម្មវិធីប្រភេទ Open-source ដែលបើកចំហប្រភពកូដទាំងអស់ ដើម្បីកសាងទំនុកចិត្ត និងទុកជាធនធានសិក្សាដ៏មានតម្លៃសម្រាប់និស្សិតផ្នែកបច្ចេកវិទ្យានៅកម្ពុជា ។

ទោះជាយ៉ាងណា មាគ៌ានេះមិនមែនរមិលរលូនឡើយ លោក ជឹម ធា បានបើកចិត្តចែករំលែកពីបញ្ហាប្រឈមផ្ទាល់ខ្លួនក្នុងដំណាក់កាលអភិវឌ្ឍន៍ថា នៅសម័យកាលដំបូង លោកខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងកូដ ធ្វើឱ្យទទួលបានមតិរិះគន់មួយចំនួនពីអ្នកប្រើប្រាស់ រហូតដល់ថ្នាក់លោកសម្រេចចិត្តបោះបង់គម្រោងនេះប្រហែល ២ ឆ្នាំ។ រយៈពេល ២ ឆ្នាំនោះ លោកបានយកមតិរិះគន់ និងបញ្ហាបច្ចេកទេសមកធ្វើជាមេរៀនតាមរយៈការរៀនសូត្របន្ថែមពីសាលានិងកន្លែងការងារ រួចក៏សម្រេចចិត្តរុះរើ និងសរសេរកូដរបស់ StoryPad ឡើងវិញទាំងស្រុងពីសូន្យ ។ សម្រាប់លោក ការសរសេរកូដឡើងវិញនេះ គឺជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ធំ ពីការចង់តែបង្កើតមុខងារថ្មីៗ មកជាការយកចិត្តទុកដាក់លើនិរន្តរភាពនៃផលិតផល និងការទទួលយកកំហុសដើម្បីកែលម្អខ្លួនឯងឱ្យក្លាយជាអ្នកអភិវឌ្ឍន៍ដែលចាស់ទុំជាងមុន ។
ងាកមកមើលរឿងដើមទុនវិញ លោកបានបង្ហើបថា លោកមិនបានចំណាយទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់នោះទេ តែវាជាការវិនិយោគលើពេលវេលា និងការរៀនសូត្រផ្ទាល់ខ្លួនទៅវិញទេ ។ ថវិកាជាក់ស្តែងមានត្រឹមតែថ្លៃចុះឈ្មោះលើ Google Play ចំនួន ២៥ ដុល្លារ និងថ្លៃរត់ Google Ads ប្រហែល ៣០ ដុល្លារប៉ុណ្ណោះ ។ ក្នុងនាមជា "One-man team" លោកចាប់ផ្តើមបង្កើតវាដោយប្រើប្រាស់កុំព្យូទ័រ Dell ស៊េរីធម្មតាដែលមិនថ្លៃ និងមានដំណើរការយឺតបន្តិច ប៉ុន្តែវាគ្រប់គ្រាន់ក្នុងការសម្រេចការងារ លោកចង់បង្ហាញថាឧបករណ៍មិនមែនជាឧបសគ្គនោះទេ សំខាន់គឺឆន្ទៈក្នុងការចាប់ផ្តើម ។

ជាអ្នកឆ្លងកាត់បទពិសោធន៍ផ្ទាល់ លោក ជឹម ធា បានផ្តល់ជាមេរៀនសម្រាប់អ្នកចង់ក្លាយជា Full Stack Developer ថា វាមិនមែនជាការរៀនអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ ប៉ុន្តែជាដំណើរការកសាងគ្រឹះយ៉ាងរឹងមាំបំផុត ។ លោកចាប់ផ្តើមពីជំនាញ Mobile Development ឱ្យខ្លាំង រួចចាប់ឱកាសធ្វើការងារ Part-time ដើម្បីរៀនពីបរិយាកាសជាក់ស្តែង ។ បន្ទាប់ពីមានមូលដ្ឋានដ៏រឹងមាំប្រហែល ២ ឆ្នាំ លោកបានបង្ហាញសមត្ថភាពដល់អ្នកគ្រប់គ្រងដើម្បីចាប់យកឱកាសស្វែងយល់ផ្នែក Backend, Database និង Server-side បន្ថែម ។ លោកបានសង្កត់ធ្ងន់លើផ្នត់គំនិតនៃការរៀនសូត្រមិនឈប់ឈរ និងបានផ្តាំផ្ញើទៅកាន់ប្អូនៗនិស្សិតថា កុំពឹងផ្អែកតែលើកម្មវិធីសិក្សារបស់សាលាទាំងស្រុង ព្រោះវិស័យ Tech ដើរលឿនណាស់ ការចំណាយពេលទំនេរទៅស្រាវជ្រាវរៀនសូត្របច្ចេកវិទ្យាថ្មីៗ (ដូចជា Flutter ឬ Figma ដែលលោកធ្លាប់រៀនក្រៅម៉ោងសិក្សា) គឺជាការវិនិយោគលើខ្លួនឯងដ៏មានតម្លៃបំផុត ។
បើនិយាយពីចក្ខុវិស័យក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខ លោកមានផែនការនាំយក StoryPad ទៅកាន់វេទិកាថ្មីៗដូចជា Native Desktop (macOS/Windows) ដើម្បីផ្តល់បទពិសោធន៍កាន់តែទូលំទូលាយ ។ លោកក៏មានក្តីស្រមៃក្នុងការប្រមូលផ្តុំក្រុមការងារដែលមានសមត្ថភាព ដើម្បីបង្កើតកម្មវិធីថ្មីៗជាបន្តបន្ទាប់ ដោយលោកជឿជាក់យ៉ាងមុតមាំថា ទេពកោសល្យផ្នែកបច្ចេកវិទ្យានៅកម្ពុជាមិនចាញ់ប្រទេសអភិវឌ្ឍន៍នោះឡើយ ។
ត្រឡប់មកវិញចំពោះកម្មវិធី StoryPad នេះ គឺជាកម្មវិធីសរសេរកំណត់ហេតុប្រចាំថ្ងៃ ដែលបច្ចុប្បន្នមានប្រជាប្រិយភាពខ្លាំងដោយទទួលបានការទាញជាង ១០០,០០០ ដង និងទទួលបានការវាយតម្លៃផ្កាយប្រាំពេញ (៥.០) ពីអ្នកប្រើប្រាស់ផងដែរ ដោយបានបង្ហាញថាវាមានមុខងារសំខាន់ៗជាច្រើន ។
ក្នុងនោះមានដូចជា៖
- ការកត់ត្រារឿងរ៉ាវផ្ទាល់ខ្លួននិងរូបភាពតាមលំដាប់កាលបរិច្ឆេទ
- ការផ្លាស់ប្តូររូបរាងផ្ទៃកម្មវិធីទៅតាមចំណង់ចំណូលចិត្ត
- ការតាមដានអារម្មណ៍ប្រចាំថ្ងៃ និងមានប្រព័ន្ធចាក់សោរ (លេខកូដ ឬស្កេនម្រាមដៃ) ដើម្បីរក្សាការសម្ងាត់ និងឯកជនភាពរបស់អ្នកសរសេរបានយ៉ាងល្អ ។
ជាចុងក្រោយ ក្នុងនាមជា Founder មួយរូបដែលកំពុងស្ថិតក្នុងដំណើរការរៀនសូត្រ លោក ជឹម ធា បានផ្ដាំផ្ញើសារដ៏មានន័យចំនួន ៣ ចំណុចទៅកាន់អ្នកអាន និងអ្នកស្រឡាញ់វិស័យ Tech ថា៖
- ទីមួយ គឺត្រូវស្វែងរក "ភាពសាមញ្ញ" ព្រោះវាពិបាកបង្កើតជាងភាពស្មុគស្មាញ តែវានឹងធ្វើឱ្យកូដងាយស្រួលថែទាំក្នុងរយៈពេលវែង ។
- ទីពីរ គឺត្រូវរក្សាគ្រឹះ និងគោលជំហររបស់ខ្លួនឱ្យរឹងមាំដើម្បីរក្សាភាពជាខ្លួនឯង (Stay unique) នៅលើទីផ្សារដែលមានកម្មវិធីប្រកួតប្រជែងរាប់ពាន់ ។
- និងទីបី គឺការប្រើប្រាស់ AI លោកយល់ស្របថាវាជាជំនួយការដ៏ល្អ ប៉ុន្តែយើងត្រូវតែជាអ្នកគ្រប់គ្រងស្ថានការណ៍ជានិច្ច រាល់បន្ទាត់កូដដែលដាក់បញ្ចូលត្រូវតែជាអ្វីដែលយើងយល់ច្បាស់ ដើម្បីកុំឱ្យវាក្លាយជា "បំណុលបច្ចេកទេស" នៅថ្ងៃអនាគត។ ការរក្សាសិទ្ធិក្នុងការសម្រេចចិត្តចុងក្រោយនេះហើយ គឺជាគន្លឹះដែលធានាថាផលិតផលមានគុណភាព និងមាននិរន្តរភាពក្នុងរយៈពេលវែង ។

ការសម្រេចចិត្តរុះរើកូដដែលខូចចោល រួចចាប់ផ្តើមសរសេរវាឡើងវិញពីសូន្យរបស់ លោក ជឹម ធា មិនត្រឹមតែជាការកែប្រែផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវា គឺជាការឆ្លុះបញ្ចាំងពីស្មារតីពិតប្រាកដនៃអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាម្នាក់ ដែលហ៊ានប្រឈមមុខនឹងភាពបរាជ័យ និងមតិរិះគន់ ដើម្បីបំប្លែងវាទៅជាកម្លាំងចលករក្នុងការកសាងភាពចាស់ទុំដើម្បីសម្រេចការងារធំបានរលូន ។ ដំណើររឿងរបស់ StoryPad បានក្លាយជាសារតឿនដល់យុវជនជំនាន់ក្រោយថា សមិទ្ធផលដ៏អស្ចារ្យមិនមែនវាស់វែងលើទំហំទឹកប្រាក់ ឬភាពទំនើបនៃឧបករណ៍ការងារដែលយើងមាននៅក្នុងដៃនោះទេ ប៉ុន្តែវាផ្តើមចេញពីទំហំនៃឆន្ទៈ ការមិនបោះបង់ និងការវិនិយោគលើពេលវេលា ដើម្បីស្រាវជ្រាវរៀនសូត្រដោយខ្លួនឯងជារៀងរាល់ថ្ងៃ ។ ក្នុងវិស័យឌីជីថលដែលផ្លាស់ប្តូរគ្មានឈប់ឈរនេះ ភាពជោគជ័យនឹងជារបស់អ្នកដែលហ៊ានរក្សាគោលជំហររឹងមាំដើម្បីបង្កើត "ភាពសាមញ្ញ" ចេញពីភាពស្មុគស្មាញ និងជាអ្នកដែលចេះក្តោបក្តាប់បច្ចេកវិទ្យាទំនើបៗដូចជា AI ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់បំផុត ។
ខ្លឹមសារសំខាន់នៅក្នុងអត្ថបទមួយនេះ៖ ត្រូវចាំថា រាល់ការខំប្រឹងប្រែង និងភាពលំបាកក្នុងថ្ងៃនេះ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យដ៏ត្រចះត្រចង់ក្នុងថ្ងៃស្អែក ។ ទោះបីជាត្រូវដើរយឺតបន្តិចក៏មិនអីដែរ សំខាន់កុំបោះបង់ ព្រោះភាពអត់ធ្មត់ និងការមិនរាថយនឹងនាំយើងទៅដល់គោលដៅដែលចង់បាន ។ ឧបសគ្គបច្ចុប្បន្នអាចធ្វើឱ្យយើងហត់នឿយ ប៉ុន្តែការជឿជាក់លើខ្លួនឯង និងការបន្តដើរទៅមុខ នឹងធ្វើឱ្យយើងក្លាយជាមនុស្សដែលខ្លាំងជាងមុន។
អត្ថបទដោយ៖ ងួន ឃុនណា
