យោងតាមប្រភពសារព័ត៌មានអន្តរជាតិរ៉យទ័រ( Reuters) បានប្រាប់ឲ្យដឹងថា ចាប់ពីរដូវក្តៅឆ្នាំ ២០២៦ នេះទៅ ក្រដាសប្រាក់ដុល្លារនឹងមានហត្ថលេខារបស់លោក ដូណាល់ ត្រាំ។ នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលប្រធានាធិបតីកំពុងកាន់តំណែង ចុះហត្ថលេខាលើលុយដោយផ្ទាល់។

ការរចនាក្រដាសប្រាក់ជំនាន់ថ្មីនេះ ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួបលើកទី ២៥០ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ វាក៏ជាលើកដំបូងក្នុងរយៈពេល ១៦៥ ឆ្នាំ ដែលក្រដាសប្រាក់អាមេរិកនឹងត្រូវ លុបចេញនូវហត្ថលេខារបស់អគ្គហេរញ្ញិកសហរដ្ឋអាមេរិក (U.S. Treasurer) ដែលជាមន្ត្រីស្ថិតក្រោមឱវាទរបស់រដ្ឋមន្ត្រីក្រសួងរតនាភិបាល និងជាអ្នកត្រួតពិនិត្យលើការិយាល័យបោះពុម្ព រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតរបស់រតនាភិបាល។

នៅក្នុងខែមិថុនា ២០២៦ ជាខែចាប់ផ្តើមបោះពុម្ពក្រដាសប្រាក់ ១០០ ដុល្លារ ស៊េរីដំបូងដែលមានហត្ថលេខាលោក ត្រាំ និងរដ្ឋមន្ត្រីរតនាភិបាល Scott Bessent។

គូសបញ្ជាក់ផងដែរថា រដ្ឋបាលលោក ត្រាំ គ្រោងនឹងដាក់ហត្ថលេខារបស់ប្រធានាធិបតីលើក្រដាសប្រាក់ដុល្លារជំនួសឱ្យហត្ថលេខារបស់អគ្គហេរញ្ញិក ចាប់ពីរដូវក្ដៅឆ្នាំ ២០២៦ នេះទៅ ដើម្បីអបអរសាទរខួប ២៥០ ឆ្នាំនៃឯករាជ្យភាពអាមេរិក។ ទោះបីជាការរចនាទូទៅមិនផ្លាស់ប្តូរ ប៉ុន្តែវាជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រក្នុងរយៈពេល ១៦៥ ឆ្នាំ ដែលទទួលបានការគាំទ្រពីមន្ត្រីរតនាភិបាលមួយចំនួន ដោយចាត់ទុកថាជាសមិទ្ធផលនៃ «យុគសម័យមាសនៃសេដ្ឋកិច្ច» ខណៈដែលអតីតមន្ត្រីខ្លះទៀតបដិសេធមិនផ្តល់មតិយោបល់ ហើយព័ត៌មាននេះត្រូវបានគេអះអាងថាចុះផ្សាយដំបូងដោយទស្សនាវដ្តី Vanity Fair។
