កម្ពុជាបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
ការហាមឃាត់ខាងលើនេះ ត្រូវបានក្រសួងធ្វើឡើង ដើម្បីជាវិធានការបង្ការ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ។ ទន្ទឹមនឹងនោះ រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
គួរជម្រាបផងដែរថា បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្ដីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះ ដើម្បីពង្រឹងការត្រួតពិនិត្យនិងធានាការអនុវត្តវិធានការប្រកបដោប្រសិទ្ធភាពខ្ពស់។
ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្ដល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។