មិនមានមនុស្សច្រើនទេដែលដឹងថា ក្រុមហ៊ុនផលិតរថយន្តទំនើប Lamborghini តម្លៃរាប់លានដុល្លារនាពេលបច្ចុប្បន្ន ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៣ ដោយលោក Ferruccio Lamborghini ជាកូនកសិករសញ្ជាតិអ៊ីតាលី ធ្លាប់ត្រូវគេមើលងាយពីក្រុមអ្នកមាន ជាពិសេសធ្លាប់រងការម៉ាក់ងាយឈានដល់ការបង្ករជម្លោះជាមួយលោក Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តស្ព័រអ៉ីតាលីលំដាប់ខ្ពស់ទៀតផង។
Ferrucio Lamborghini គឺជាបុរសសាមញ្ញម្នាក់កើតក្នុងគ្រួសារដែលប្រកបរបរដាំផ្លែទំពាំងបាយជូរដើម្បីចិញ្ចឹមជីវិត តែដោយសារចំណេះដឹង និងចំណាប់អារម្មណ៍ខាងមេកានិចរបស់គាត់ នៅទីបំផុតបាននាំឲ្យគាត់ឈានជើងរកស៊ីធ្វើត្រាក់ទ័រ។ បន្ទាប់ពីរកស៊ីកាក់កបទៅៗ Ferrucio Lamborghini បានទិញឡានម៉ាក Ferrari ដោយសារគាត់ចូលចិត្តឡានប្រភេទនេះ ហើយជំនាន់នោះ រថយន្ត Ferrari គឺជាម៉ាករថយន្តដែលមានកិត្យានុភាព ហើយស័ក្កិសមបំផុតសម្រាប់អ្នកដែលទទួលបានជោគជ័យ និងអ្នកមានអំណាច។
យ៉ាងណាមិញក្រោយក្លាយជាម្ចាស់រថយន្តម៉ាក Ferrari 250GT បានមួយរយៈលោកបានកត់សម្គាល់ឃើញថា អំប្រាយ៉ា របស់ឡាននេះអន់មិនមាំទាល់តែសោះ ហើយបែករហូតដែលបង្ខំឲ្យគាត់យកឡានត្រលប់ទៅជួសជុលនៅ Maranello ម្តងហើយម្តងទៀត។ នៅពេលយកឡានទៅជួសជុលលើកចុងក្រោយ Ferrucio បានប្រាប់ទៅកាន់អ្នកបង្កើតរថយន្ត Ferrari លោក Enzo Ferrari ពីគុណវិបត្តិរបស់ឡាននេះ។ ប៉ុន្តែលោក Enzo Ferrari ដែលមានមោទនភាពលើរថយន្តរបស់ខ្លួន បានបដិសេធការត្អូញត្អែររបស់ Ferrucio ដោយគិតថា «សម្បត្តិត្រឹមជាកសិករតូចទាបម្នាក់ គ្មានអ្វីមិនយល់ និងចេះប្រើប្រាស់ប្រព័ន្ធរបស់រថយន្ត Ferrari របស់គាត់នោះទេ»។ ហើយនេះគឺជាអ្វីដែលជំរុញឱ្យលោក Ferrucio Lamborghini ឈឺចាប់ខ្លាំងរហូតសម្រេចឈានជើងចូលក្នុងអាជីវកម្មរថយន្ត។
សព្វថ្ងៃនេះ Lamborghini គឺជាក្រុមហ៊ុនផលិតរថយន្តដែលមានការប្រកួតប្រជែងខ្លាំងដែលទើបតែមានប្រជាប្រិយភាពដូចរថយន្ត Ferrari ។ ក្រុមហ៊ុននេះកំពុងផលិតរថយន្តទាន់សម័យណាស់ ជាមួយនឹងការសន្ទុះដែលមានឥទ្ធិពលខ្លាំង។ ដូច្នេះមេរៀននៃរឿងនេះ គឺមិនត្រូវមើលងាយនរណាម្នាក់ឡើយ ប៉ុន្តែបើគេម៉ាកងាយអ្នក ចូលកុំអន់ចិត្តតែត្រូវច្នៃការឈឺចាប់ទាំងអស់នោះដុះខាត់ខ្លួនឯងក្លាយទៅជាមនុស្សម្នាក់កាន់តែប្រសើជាងមុនទ្វេដង។ លោក Ferrucio Lamborghini ធ្លាប់និយាយថា «មនុស្សគ្រប់គ្នាសុទ្ធតែមានថ្ងៃអាក្រក់ ប៉ុន្តែអ្នកខ្លះចាត់ទុកថ្ងៃអាក្រក់ទាំងនោះទៅជាមេរៀនដ៏ល្អបំផុត»៕